អាងកំពីងពួយ
អាងកំពីងពួយ
អាងកំពីងពួយបានត្រូវកសាងឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យអំឡុង ទស្សវត្សទី ៧៦ប្រជាជនជាច្រើនរយពាន់អ្នកត្រូវបានពលីក្នុងការកសាងអាងទឹក នេះ។
អាងកំពីងពួយស្ថិតនៅចន្លោះភ្នំពីរគឺ ភ្នំគល់ និងភ្នំតាង៉ែន ក្នុងឃុំតាគ្រាម
ស្រុកបាណន់ មានចំងាយ ៣៥ គ.ម ពីទីរួមខេត្ត និងមានចំងាយ ១៩
គ.ម ពីផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ ១០ ត្រង់ចន្លោះភ្នំក្រពើនិងភ្នំទ្រុងមាន់។
ទំនប់អាង មានបណ្តោយ ៧៥០០ ម និងទទឹងមាន ១៩០០ម
អាចផ្ទុកទឹកបានចំនួន ១១០.០០០.០០០ ម៉ែតគូប នៅក្នុងរដូវវស្សា
គឺជាប្រភពទឹកសំរាប់ស្រោចស្រព តាមសេចក្តីត្រូវការក្នុងវិស័យកសិកម្ម។ អាងកំពីងពួយមិនគ្រាន់តែផ្តល់ផលប្រយោជន៍យ៉ាងច្រើនក្នុងវិស័យ កសិកម្មតែមួយមុខប៉ុណ្ណោះទេ ជាពិសេសលើសពីនេះទៅទៀតបានផ្តល់ប្រយោជន៍យ៉ាងសំខាន់បំរើឱយវិស័យ ទេសចរណ៍ គឺជារមណីយដ្ឋានមួយដែលទេសចរណ៍ជាតិនិងអន្តរជាតិនិយមទៅលំហែយកខ្យល់ អាកាសបរិសុទ្ធ
ទស្សនាភ្នំ និងមុជទឹកលេង។ ប្រជាជននៅក្បែរអាងកំពីងពួយមានអាជីវកម្មធ្វើស្រែចំការនិងនេសាទ ត្រី។
ភ្នំសំពៅ
ភ្នំសំពៅ គឺជារមណីយដ្ឋានធម្មជាតិមួយដែលភ្ញៀវទេសចរនិយមទៅកំសាន្ត ជាពិសេសភ្ញៀវក្នុងស្រុក
ក្នុងថ្ងៃសំរាក ឫ បុណ្យប្រពៃណីផ្សេងៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ
បុណ្យភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ
១០ ខាងឆ្វេងដៃមានចំងាយ ១៣ គ.ម ពីទីរួមខេត្ត។ បើពិនិត្យឱយម៉ត់ចត់ ភ្នំនេះមានទ្រង់ទ្រាយដូចជាសំពៅ
មានកំពស់ ១០០ ម មានកាំជណ្តើរជាង៧០០កាំ។
ក្នុងតួភ្នំទាំងមូលមានល្អាងជាច្រើន ប៉ុន្តែល្អាងសំខាន់ៗដែលគេនិយមទស្សនាគឺ
ល្អាងផ្កាស្លា ល្អាងល្ខោន ល្អាងអសុក។
នៅលើកំពូលភ្នំមានវត្តមួយឈ្មោះថា វត្តគិរីរម្យ ។ នៅជុំវិញក្បែរភ្នំសំពៅ មានចង្កោមភ្នំផ្សេងៗទៀតដែលមានទំនាក់ទំនងជាមួយគ្នាក្នុងរឿង ព្រេងខ្មែរ
រាជកុល និង នាងរំសាយសក់ ដូចជាភ្នំក្តោង ភ្នំក្រពើ ភ្នំទ្រុងមាន់
ភ្នំទ្រុងទា ភ្នំនាងរំសាយសក់។ល។ ដែលសុទ្ធតែជារមណីយដ្ឋានធម្មជាតិ។ ភំ្នសំពៅស្ថិតនៅក្នុងភូមិ-ឃុំភ្នំសំពៅ
ស្រុកបាណន់។
ប្រាសាទបាណន់ជារចនាបថកណ្តាលស.តទី ១១ និងចុងស.តទី ១២។ ព្រះរាជាដែលបានកសាងមុនគេគឺព្រះបាទឧទយាទិត្យាវរ្ម័នទី២
(១០៥០ ដល់១០៦៦) ក្រោយមកត្រូវបញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី៧ (១១៨១.១២១៩)។ ប្រាសាទបាណន់ត្រូវបានកសាងលើកំពូលភ្នំដែលមានកំពស់ប្រមាណជាង១០០ម ដោយមានកាំជណ្តើរចំនួន៣៥២កាំ
ស្ថិតនៅក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ចំងាយ ២៥គ,ម ពីទីរួមខេត្តតាមដងផ្លូវខេត្តលេខ
១៥៥ ស្របតាមដងស្ទឹងសង្កែទៅទិសនិរតី។ នៅជើងភ្នំបាណន់មានគូទឹក និងល្អាងសំខាន់ពីរគឺល្អាងព្រះទឹក
និងល្អាងបិទមាស។ រមណីយដ្ឋានប្រាសាទបាណន់គឺជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រផង
និងជារមណីយដ្ឋានធម្មជាតិផង ពីព្រោះកសាងឡើងនៅលើកំពូលភ្នំប្រកបទៅដោយធម្មជាតិព្រៃព្រឹក្សា ដ៏ស្រស់ត្រកាល
ព្រមទាំងមានទឹកស្ទឹងសង្កែរួមជាមួយផង។ ភូមិសាស្ត្រ និង បរិស្ថានជុំវិញបានផ្តល់អំនោយផលបន្ថែមទៀតលើវិស័យទេសចរណ៍ ពីព្រោះសងខាងដងផ្លូវទៅកាន់រមនីយដ្ឋាននេះសំបូរទៅដោយភោគផលដំនាំ កសិកម្មដូចជាស្រូវ
ជាពិសេសចំការក្រូចពោធិ៍សាត់ដ៏ល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជា មានរសជាតិឆ្ងាញ់។
ដំនាំក្រូចផ្តល់ផលក្នុងមួយឆ្នាំ ២ ដង
ហើយបានដឹកនាំទៅលក់តាមបណ្តាខេត្តនានានិងទីក្រុងភ្នំពេញផង។