វចនានុក្រមសម្តេចជួនណាត៖

ត្នោត៖ ឈ្មោះដំណាំតចសារជាតិ (ជាតិឈើដែលមានសំបកជាខ្លឹមឬមានខ្លឹមនៅត្រង់ សំបក ដូចយ៉ាងឫស្សី, ត្នោត, ដូងជាដើម) មួយប្រភេទ ជាដំណាំមានប្រយោជន៍សំខាន់ក្នុងប្រទេសខ្មែរយើង (ព្រោះ ប្រកបការបានច្រើនយ៉ាង) : ទឹក
ត្នោត, ស្ករត្នោត, ផ្ទះប្រក់ស្លឹកត្នោត, ជញ្ជាំងស្លឹកត្នោត,
កន្ទេល ស្លឹកត្នោត, សំពៀតស្លឹកត្នោត, ផ្លិតស្លឹកត្នោត,
ដួនស្លឹកត្នោត, ក្បាប ត្នោត, សម្លត្នោត, សម្លគមត្នោត, នំ ត្នោត,
ចាហួយត្នោត, កំពីងត្នោត, ម្សៅ ត្នោត, សាច់ត្នោតខ្ចី, ត្នោតទុំដុត,
គល់កូនត្នោតស្ងោរឬដុត, ខ្សែធាង ត្នោត, ខ្សែជក់ត្នោត,
រនូតដើមត្នោត, អំបោសជក់ត្នោត ។ល។
ស្រុកខ្មែរមានសំបូរជាងគេគឺដើមត្នោតដុះក្បែរផ្ទះក្បែរភូមិ
(តិចអ្នកភូមិយើងមកជាន់កែងខ្ញុំអីណា ថាស្រុកយើង សំបូរជាងគេគឺវល្លិ៍អញ្ជ័ន
ព្រោះឃើញមានស្ទើរគ្រប់ផ្ទះ) ។ នៅតាមស្រុកស្រែស្រុកចំការក្តី
ដើមត្នោតជារុក្ខជាតិ ពេញនិយមរបស់ប្រជាកសិករ
ដោយពួកគាត់អាចទាញប្រយោជន៍ជាច្រើនពីដើមត្នោតដែលដុះដោយមិនចាំបាច់
ចំណាយប្រាក់សម្រាប់ថែទាំទេ សូម្បីមួយរៀល។
ខ្ញុំហ៊ាននិយាយដូច្នេះព្រោះថា
ខ្ញុំមិនដែលឃើញនរណាចាំបាច់ត្រូវយកជីរទៅដាក់ ឬទិញថ្នាំសម្លាប់សត្វល្អិតទៅ
ដាក់ដើមត្នោតទេ បើមានក៏ត្រឹមតែយកគោទៅចងពីក្រោម…
តែប្រយោជន៍ឥតគណនាសម្រាប់ជួយគាំទ្រជីវភាពរបស់ប្រជាកសិករឱ្យបានធូរស្រាលមួយកម្រិតនោះគឺបានពី
ដើមត្នោតយ៉ាងជាក់ស្តែង បើប្រៀបធៀបទៅនឹងពាក្យទំនៀមថា «ធ្វើនំអត់ម្សៅ»
បែបត្រឹមត្រូវ។
ត្នោតជារុក្ខជាតិលូតលាស់យឺតៗ
តែមានអាយុវែងអាចរហូតដល់ជិតមួយរយឆ្នាំ ។ ត្នោតរឹងមាំណាស់ ជាមួយ
សម្បកដើមគគ្រើមព័ណ៌ក្រម៉ៅ
និងគាវដែលរុំដើមជាប់មិនងាយជ្រុះប្រសិនបើមនុស្សមិនទៅកាប់ចេញទេនោះ
ដើមនោះនឹងឈរជង្រ្គឹងកណ្តាលវាលមិនងាយរងឥទ្ធិពលពីខ្យល់ឡើយ
ខ្ញុំខ្លួនឯងក៏បានដឹងថាទោះជាមានព្យុះ ក៏ត្នោតមិនរលំដូចដើមឈើផ្សេង
លើកលែងតែទឹកជំនន់ដែលនាំបាក់ដីតែប៉ុណ្ណោះដែលត្នោតអាចដួលបាក់ទៅ តាមដី។
ត្នោតផ្តល់ប្រយោជន៍សព្វបែបយ៉ាងសម្រាប់ជារបស់របរប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកស្រុកស្រែចំការ ដូចជា៖
គាវត្នោតយកមកច្នៃជាអំបោសដៃ
ធាងយកធ្វើដងកណ្តប ស្លឹកដេរជាមួយដងកណ្តបប្រើការប្រក់ផ្ទះប្រក់រោង
ស្លឹកខ្ចីអាចយកមកប្រើខ្ចប់នំ
(ចង់ភ្លេចទៅហើយព្រោះឥឡូវមិនសូវមាននរណាធ្វើនំហ្នឹងទៀតសោះ សព្វថ្ងៃគេ
និយមនំកញ្ចប់ទិញឯផ្សារណាស់ ខ្ញុំចូលចិត្តនំត្នោតឈ្ងុយឆ្ងាញ់
និងនំម្យ៉ាងដែលធ្វើពីអង្ករដំណើបលាយ ជាមួយសណ្តែកខ្មោច
ឬសណ្តែកក្រហមមួយគ្រាប់ៗ អ្ហឹម…) ពោះធាងរបស់វាគេយកមកត្បាញជាកន្រ្តក
សម្រាប់យួរទៅផ្សារ ទូកធ្វើពីដើមត្នោត គមត្នោត (ខ្ញុំហូបទាំងឆៅ) កំពីងត្នោត
ជាពិសេសៗៗៗរបស់ដែលខ្ញុំ ចូលចិត្តជាងគេពីត្នោតគឺទឹកត្នោតផ្អែម-ជូរ។
សូមមើលបន្ថែមផលិតផលបានពីត្នោតនៅក្នុងន័យវចនានុក្រម សម្តេចជួនណាត ខាងលើ។
នៅមានប្រយោជន៍ជាច្រើនទៀតដែលយើងបានទទួលពីដើមត្នោត។
ពីមុនអ្នកស្រុកស្រែចំការមិនដែលមានចិត្ត
ចង់ទាញយកផលប្រយោជន៍ពីត្នោតដោយកាប់បំផ្លាញដើមវាទេ គេកាប់ធាងយកស្លឹកក្តី
ទាញយកផលពីទឹក ដមផ្កាត្នោតក្តី គឺនៅរក្សាដើមវា ។
ទើបតែមួយរយៈក្រោយប្រមាណបួនប្រាំឆ្នាំមុននេះដែលមានឈ្មួញមួយ
ចំនួនបានដើរប្រមូលទិញដើមត្នោត
ដែលល្បីថាយកទៅលក់បន្តឱ្យឈ្មួញវៀតណាមដែលប្រមូលទិញតាម
ព្រំដែនដើម្បីយកទៅច្នៃជាវត្ថុប្រើប្រាស់ និងវត្ថុលំអមួយចំនួន ។
អ្នកស្រុកមួយចំនួនធំបានលក់ដើមត្នោតកេរ្ត ពីឪពុកម្តាយ
ដើម្បីយកប្រាក់ថ្នូរមកប្រើ ប្រាស់ក្នុងការចិញ្ចឹមជីវិត
នេះជាផ្លូវថ្មីដែលគេអាចទាញយកប្រយោជន៍ពីដើមត្នោតបាន។ តែ ហេង ឌី ប្រាប់ថា នេះមិនមែនជាផ្លូវល្អឡើយ គឺផ្លូវថ្មីដែលអាចបំផ្លាញដើមត្នោតបាន ។
ដោយសារនាពេលបច្ចុប្បន្នយើងពិបាករកគ្រឿងផ្ទះធ្វើពីឈើ
អ្នកស្រុកខ្លះបានអារដើមត្នោត សាងជាគ្រឿងផ្ទះ
លាយជាមួយឈើដែលកាត់បន្ថយចំណាយជាច្រើន។
នៅតាមរមនីយដ្ឋានមួយចំនួនឃើញមានដាក់លក់នូវ ផលិតផលពីត្នោត មាន៖ ស្លាបព្រា
វែកដួសបាយ ប្រអប់ដាក់ប៊ិច ក្លង ។ល។ ជាច្រើនមុខ ច្រើនយ៉ាង។
ពាក្យចាស់ថា «ចាស់ដូង ចាស់ត្នោត»
មានន័យថាកាន់តែចាស់ កាន់តែរឹងមាំ … ខ្ញុំក៏ចង់បែបនេះដែរ តែធម្មជាតិ
របស់មនុស្សខុសពីដើមត្នោត។
…ស្តាប់បទចម្រៀងខ្លះទៅដូចជាចាកន័យរបស់ដើមត្នោតទាំងស្រុងតែម្តង។