រឿងប្រាសាទអង្គរ
កាលពីពុទ្ធសករាជ ៦០០ (សតវត្សទី១នៃគ្រឹស្តសករាជ?) មានបុរសចិនម្នាក់ឈ្មោះ លឹម សេង នៅក្នុងខែត្រសៀង ហៃ (ប្រទេសចិន?) ។ លឹម សេង មានអាយុប្រមាណជា ៥០ ឆ្នាំ ជាមនុស្ស កំសត់ទុគ៌តណាស់ គាត់បានខ្ចីប្រាក់ អ្នកជំនួនម្នាក់ ចំនួន ៦ ណែន ហើយទៅរកស៊ីឈ្នួល បម្រើអ្នកម្ចាស់បំណុលនោះ ។ ម្ចាស់បំណុលបានតម្រូវឱ្យគាត់ កាប់ឆ្ការព្រៃមួយកន្លែង នៅក្បែរមាត់ ទន្លេ ដើម្បីដាំដំណាំ ។ នៅរដូវដែលបុប្ផាជាតិ ទាំងឡាយរីកស្គុះស្គាយ, លឹម សេង តែងតែបេះផ្កាទាំងឡាយ ដែលគាត់ដាំបាន យកទៅជូនម្ចាស់ផ្ទះ ជារៀងរាល់ថ្ងៃ ។
ថ្ងៃមួយ មាននាងទេពធីតា ៥ នាក់ ដែលស្ថិតនៅឯប្រាសាទព្រះឥន្ទ បានហោះមកប្រឡែងគ្នាលេង នៅឯឋានកណ្តាល, បានឃើញផ្កានៅក្នុងសួនច្បារ តាលឹម សេង រីកស្គុះស្គាយ ព្រោង ព្រាត ក៏បបួលគ្នាចូលទៅលេងក្នុងសួននោះ ។ នៅពេលនោះ មាននាងទេពធីតាម្នាក់ឈ្មោះ ទិព្វ សុដាចន្ទ នាងក៏បានលួច “កាច់ផ្ការបស់តា លឹម សេង ៦ ទង” ដោយសារតែផ្កានោះមាន ក្លិនក្រអូប សាយពេក ។ ចំណែកឯនាងទេពធីតាឯទៀតៗ បានដើរលេងពាសពេញ ក្នុងសួនច្បារនោះដែរ តែគេមិនបានកាច់ផ្កាលេងទេ ។
លុះពួកនាងបានលេងអស់ចិត្តហើយ ក៏បានហោះឡើងទៅឋានលើវិញ, ក្នុងនោះមានទេពធីតាម្នាក់ដ៏ស្មោះត្រង់ម្នាក់ បានចូលក្រាបទូលព្រះឥន្ទ អំពីរឿងនាងទិព្វ សុដាចន្ទ បានលួចបេះផ្កា គេនៅក្នុង សួនច្បារមួយនៅឋានកណ្តាល ។ លុះព្រះឥន្ទបានឮដូច្នោះហើយ, ទ្រង់ក៏បានហៅសួរនាង ទិព្វ សុដាចន្ទ អំពីរឿងហេតុនោះ ។ នាងទព្វ សុដាចន្ទ ក៏បានឆ្លើយថា “នាងបានលួច បេះផ្កាគេ ៦ ទងមែន” ។ លុះឮដូច្នោះហើយ, ព្រះឥន្ទក៏បានស្តីបន្ទោសនាង ទិព្វ សូដាច័ន្ទ អំពី “បទល្មើសនឹងសេចក្តីស្មោះត្រង់” គឺជាសិលធម៌ដ៏ល្អផូរផង់របស់មនុស្សឋានលើ ។ នាងទិព្វ សូដាច័ន្ទ ត្រូវបានពិន័យ “ឱយចុះ មកនៅឋានមនុស្សលោក (ឋានកណ្តាល)ចំនួន ៦ ឆ្នាំ ហើយត្រូវធ្វើជាប្រពន្ធតាលឹម សេង នោះផង” ។
ដោយបានទទួលការស្តីបន្ទោស និងពិន័យ ពីព្រះឥន្រ្ទាធិរាជហើយ, នាងទិព្វ សូដាច័ន្ទ មានសេចក្តីអៀនខ្មាស និងអន់ចិត្តចំពោះខ្លួន ដែលបានប្រព្រឹត្តនូវ អំពើមិនគប្បី ដេលខុសនឹងសិល ធម៌ ដោយការលួចកាច់ផ្កា ៦ ទង មិនបានប្រាប់និងសុំម្ចាស់គេ នាងក៏បានសម្រេចចិត្ត ហោះចុះមក នៅឋានកណ្តាល ជាមួយនឹងតា លឹម សេង តាមពាក្យពិន័យរបស់ព្រះឥន្ទ្រាធិរាជមែន។ លុះនាង បានជួបនឹងតា លឹម សេង ហើយក៏បាននិយាយប្រាប់តាថា “នាងខ្ញុំបានលួចកាច់ផ្កាតា ចំនួនប្រាំមួយទងពីសួនច្បាររបស់តា ដោយមិនបានសុំ ឬប្រាប់តាជាម្ចាស់ចំការ ដូច្នេះ នាងខ្ញុំ ត្រូវបានដាក់ ទោស ឱ្យមកធ្វើជាប្រពន្ធតា ចំនួន ប្រាំមួយឆ្នាំ ជាកំណត់” ។
តាលឹម សេង គាត់ក៏ឆ្លើយថា “ខ្ញុំក្រណាស់ ខ្ញុំពុំអាចទទួលនាង ធ្វើជាប្រពន្ធខ្ញុំបានទេ ហើយចៅហ្វាយខ្ញុំ ចិត្តអាក្រក់ណាស់ គាត់ឱ្យបាយខ្ញុំទទួលទាន គ្រាន់តែរស់តែខ្លួនមួយប៉ុណ្ណោះ” ។ នាងទិព្វ សូដាច័ន្ទ ក៏ឆ្លើយតបថា “យ៉ាងណាក៏ដោយលោកតា ចាំខ្ញុំជួយលោកតា នូវវិជ្ជាសិល្ប៍ដ៏ពូកែសក្តិសិទ្ធ នេះបើសិនជាលោកតាសុខចិត្ត យកនាងខ្ញុំធ្វើជាប្រពន្ធ តាមពាក្យកំហិតពី ព្រះឥន្ទ្រាធិរាជ ហើយនាងខ្ញុំសុខចិត្តធ្វើការងារបំរើតា គ្រប់បែបយ៉ាង មិនឱ្យតាព្រួយបារម្ភទេ, សូមលោកតាមេត្តាអាណិតអាសូរនាងខ្ញុំផង ” ។
លុះបានស្តាប់នូវ សេចក្តីរ៉ាយរ៉ាប់និងអង្វករពីនាង ទិព្វ សុតាចន្ទ ហើយ, តាទូគ៌ត លឹម សេង ក៏សុខចិត្តទទួលនាងធ្វើជាប្រពន្ធ ហើយយកនៅជាមួយគាត់ ។ តាលឹម សេង មានសេចក្តី ពេញចិត្តនឹង នាង ទិព្វ សុដាចន្ទណាស់ ពីព្រោះនាងជា ស្រ្តីមានរូបឆោមរោមពណ៌ ដ៏ស្រស់ប្រិមប្រិយ៍ លើសស្ត្រីនានា ។ មិនយូរប៉ុន្មាន គាត់ក៏មានសេចក្តីស្នេហា លើរូបនាង ។៚…
នាងទិព្វ សុតាចន្ទ កាលបើបានរស់នៅជាមួយតា លឹម សេង មួយរយៈមក នាងក៏បានសង្កេតឃើញថា មិនមានការរីកចម្រើនអ្វីសោះ ឃើញតែធ្វើការងារបំរើគេ យ៉ាងលំបាកវេទនាជារៀង រាល់ថ្ងៃ ពុំមានពេលទំនេរសោះ និងដោយសារលោកតា មានចិត្តស្មោះត្រង់ នាងក៏កើតមានសេចក្តី អាណិតអាសូរជាខ្លាំង ក៏បានសួរទៅតាថា “លោកតាបានខ្ចីលុយគេប៉ុន្មាន?” តាក៏ឆ្ហើយ ថា “ចំនួនប្រាំមួយ ណែន” ។ នាងក៏បានប្រាប់ថា តាទៅរកខ្ចីគេបន្ថែម បួនណែនទៀតមកឱ្យនាង ដើម្បីយកទៅប្រើការ ដែលមានផលប្រយោជន៍ច្រើន ។
លោកតា លឹម សេង ក៏បានទៅរកខ្ចីគេបន្ថែម បាន ៤ ណែនទៀតឱ្យនាង ហើយនាងក៏បានតាថា ឱ្យយកប្រាក់ ៤ ណែននោះ ទៅទិញកីតម្បាញនិងសូត្រមកឱ្យនាង ។ តាលឹម សេងបាន យកប្រាក់ ៤ ណែននោះទៅទិញបាន កីតម្បាញមួយនិងសំបុកសូត្រ ២០ នាឡិ មកឱ្យនាង ។ នាងក៏បានយកសូត្រ ទៅរវៃនិងត្បាញជាសំពត់សូត្រផ្សេងៗទៀត រាប់មិនអស់ ។ នាងត្បាញ បានសំពត់សូត្រយ៉ាង ប្រណិតជាច្រើន ដែលសម័យនោះ គ្មានពីណាធ្វើបានដូចនាងលើយ ។ កាលបើនាងត្បាញសំពត់ បានច្រើនហើយ ក៏បានប្រាប់ប្តី លឹម សេង ឱ្យយកសំពត់ទាំងនោះ ទៅជូនចៅហ្វាយ ឬម្ចាស់បំណុល របស់ខ្លួន ។
ម្ចាស់បំណុលមានចំណាប់អារម្មណ៍ ក៏យកដៃទៅពិនិត្យស្ទាបមើល សាច់សំពត់សូត្រ ហើយពោលសរសើរថា ស្អាតណាស់! ល្អណាស់! គឺគាត់ពេញចិត្តយ៉ាងក្រៃលេង ។ ម្ចាស់បំណុល បានប្រគល់ ប្រាក់ ៥០ ណែន ទៅឱ្យតាលឹម សេង និងព្រមទាំងបានលុបចោលនូវ ប្រាក់បំណុលចំនួន ១០ ណែននោះផងដែរ ។ មិនតែប៉ុណ្ណោះ ម្ចាស់បំណុលបាន បញ្ជូនមនុស្សឱ្យទៅ រៀនវិជ្ជាត្បាញសូត្រ ពីនាងទិព្វ សូដាច័ន្ទផង ហើយនាងបានទិញសំបុកសូត្រ (ដង្កូវនាង) ជាច្រើនហាបយកមក បង្រៀនអ្នកដែលចៅហ្វាយបាន បញ្ជូនមកឱ្យរៀនជារៀងរាល់ថ្ងៃ ។
មិនយូរប៉ុន្មាន តាលឹម សេង ក៏បានក្លាយជាអ្នកមានម្នាក់ ហើយគាត់មានអំណាច និងមានគេរាប់អានជាច្រើន ។ ប្រមាណជាមួយឆ្នាំក្រោយមក នាងទិព្វ សូដាចន្ទ ប្រសូត្របានបុត្រប្រុស មួយ ។ បុត្រនោះរពឹសណាស់ នៅពេលដែលវាចេះវារ វាចេះជីកដីធ្វើជាកំពែងការពារ, នៅពេលវាចេះអង្គុយ វាចេះគូរលេងនៅលើដី ធ្វើជារូសត្វ រូបមនុស្ស, គឺវាចូលចិត្តគូរតែដីលេង ឥតឈប់ឈរ ឥតចេះខ្ជឹល, វាជាក្មេងមិនចេះនៅស្ងៀម មួយស្របក់ណាសោះឡើយ ។ អាស្រ័យដោយហេតុនេះ, ទើបម្តាយដាក់ឈ្មោះថា ព្រះពិស្នុការ (ព្រះវិស្វកម្ម) ។
លុះកុមារវិស្នុការ មានអាយុបាន ៥ ឆ្នាំ, នាងទិព្វ សូដាចន្ទ ក៏ត្រូវគ្រប់កំណត់ ៦ ឆ្នាំ ដែលព្រះឥន្ទ្រាធិរាជ បានដាក់ទោសឱ្យនាង ធ្វើជាប្រពន្ធតាលឹម សេង ។ ដើម្បីរំឮកខួប ៦ ឆ្នាំនេះ ដល់តា លឹម សេង, នាងក៏បានកាច់ផ្កា ៦ ទង យកមកដាក់លើខ្នើយដេក រួចហើយក៏ហោះទៅកាន់ ឋានព្រះឥន្ទ្រាធិរាជវិញទៅ ។ លុះដល់ពេលបាយថ្ងៃត្រង់ តាលឹម សេង ឃើញមានបាយរៀបចំ ទុកជាស្រេច តែមិនឃើញប្រពន្ធចេញមក បរិភោគអាហារជាមួយ ក៏កើតមានការងឿងឆ្ងល់ ក៏ចូលទៅក្នុងបន្ទប់ទៅរកមើលនាង តែមិនឃើញនាងទេ ឃើញតែផ្កា ៦ ទង នៅលើខ្នើយ ក៏ចាប់ មានអារម្មណ៍ថា ជាផ្ការបស់នាង ដែលដាក់បញ្ជាក់រំឮកថា ជាខួបគម្រប់ ៦ ឆ្នាំរបស់នាងហើយ ។ មួយរំពេចនោះ តាលឹម សេង ក៏យំទួញសោកស្តាយប្រពន្ធក្មេង ជាពន់ពេកណាស់ ដែល បានរត់ចោលគាត់ ។ នៅពេលនោះ កុមារវិស្នុការ ក៏យំសោកស្តាយលាន់ឮរំពង រត់រកម្តាយគ្រប់ច្រកល្ហក ជាមួយនឹងឪពុក ធ្វើឱ្យអ្នកស្រុកជិតខាង ផ្អើលចេញមកមើលគ្រប់គ្នា ទើបដឹងថា នាង ទិព្វ សូដាចន្ទ ដែលត្រូវជា ម្តាយបានរត់ចោលបាត់ទៅហើយ អ្នកស្រុកគេមានសេចក្តីអាណិតអាសូរ កុមារវិស្នុនិងតា លឹម សេង គ្រប់ៗគ្នា ។
លុះពេលក្រោយមក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រះបាទប្រទេសរាជ ទ្រង់សោយទីវង្គត់ទៅ ព្រះអង្គឥតមាន ព្រះរាជបុត្រដើម្បីស្នងរាជបន្តរឡើយ ហើយរាជវង្សព្រះថោង ក៏ចប់រលត់ ត្រឹមណេះ ។ គេសង្គេតឃើញនៅសល់តែ ក្រុងហ៊ូវនិងក្រាយហ៊ូវ ពីររូបប៉ុណ្នោះ ដែលជាអ្នកជាប់ព្រះលោហិតក្សត្រ ។ កាលបើដូច្នោះ ព្រះរាជបល្ល័ង្គក៏នៅទំនេរ ។
ដំណាលពីបុរសកំសត់ម្នាក់ ដែលប្រកបរបរចិញ្ចឹមជីវិត ដោយការកាប់ឱសលក់នៅក្នុងព្រៃ ។ ថ្ងៃមួយ នៅពេលដែលបុរសនោះ កំពុងប្រកបកិច្ចការ តាមធម្មតារបស់ខ្លួន ស្រាប់តែមានភ្លៀង ធ្លាក់យ៉ាង ខ្លាំង បុរសនោះបានរត់ទៅជ្រក នៅក្នុងខ្ទមអ្នកតាមួយ ។ និយាយពីព្រះឥន្ទ្រាធិរាជ ដែលជាស្តេចនៃទេវតា នៅពេលនោះព្រះអង្គបាននិមិ្មត ធ្វើជាមាន់គគពីរ មួយសម្បុរស និងមួយសម្បុរខ្មៅ ។ មាន់ខ្មៅមកទុំនៅសរសរកន្លោងខ្ទម ហើយមាន់សមកទុំនៅលើដំបូលខ្ទម ។ មួយសន្ទុះក្រោយមក មាន់សរងាវ ហើយមាន់ខ្មៅចេះនិយាយ ភាសាមនុស្សក៏និយាយថា យើ!នរណាហ៊ានមករងាវ លើក្បាលអញដូច្នេះ ? តើអ្នកឯងមានរិទ្ធិអំណាចយ៉ាងណាទៅ?” ។ មាន់សបានឆ្លើយថា “យើងមានរិទ្ធិអំណាចខ្លាំងណាស់! បើប្រសិនជា នរណាបានស៊ីសាច់ យើង, អ្នកនោះនឹងបានធ្វើជាស្តេច ផែនដី!” ។ មាន់ខ្មៅក៏ឆ្លើយថា “បើមនុស្សប្រុសណា បានស៊ី ក្បាលយើង អ្នកនោះឯងនឹងបានជាសេ្តចសង្ឃ! ហើយបើមនុស្សស្រីណា បានស៊ីសាច់ភ្លៅ យើង ស្រីនោះនឹងបានជាអគ្គមហេសីស្តេច! បើមនុស្សប្រុសណា បានស៊ីសាច់ទ្រូងយើង អ្នកនោះនឹងបានសោយរាជ្យ! ដូច្នេះ ត្រូវអ្នកកុំមើលងាយខ្ញុំ!” ។
លុះបន្តិចក្រោយមក, មាន់ស ក៏ហើរបាត់ទៅ ។ រីឯមាន់ខ្មៅ នៅទុំនឹងសរសរកន្លោងដដែល ។ លុះបុរសកំសត់ក៏បានដើរលបៗ ចូលទៅចាប់មាន់ខ្មៅបាន ហើយក៏សម្លាប់ភ្លាមៗដែរ រួចក៏បានយក ទៅផ្ទះខ្លួន ។ បុរសក៏បាន និយាយការសម្ងាត់នេះប្រាប់ប្រពន្ធ ប្រពន្ធក៏មានសេចក្តីសប្បាយក្រៃលែង ក៏បានយកមាននោះទៅចំអិនធ្វើជាម្ហូប រួចដួសដាក់ចាន ដាក់ថាស ហើយក៏លើកយកមក បម្រុងនឹងបរិភោគ ស្រាប់តែពេលនោះ បុរសជាប្តីបាននិយាយទៅកាន់ប្រពន្ធថា “យើងជិតបានមង្កុដពាក់ហើយ ដូច្នេះយើងយកម្ហូបដ៏វិសេសនេះ ទៅមាត់ស្ទឹង ហើយយើងមុជទឹកដុសខ្លួនឱ្យស្អាត រួចហើយ យកសំលៀកបំពាក់ថ្មីៗ មកស្លៀកពាក់ឱ្យហ៊ឺហា ហើយចាំយើងចាប់ផ្តើម បរិភោគម្ហូបមាន់នេះ” ។លុះនិយាយរួចហើយ បុរសពីរនាក់ប្តីប្រពន្ធ ក៏បានជញ្ជូនម្ហូបអាហារសាច់មាន់ ទៅដាក់ក្បែរ មាត់ទឹក ហើយក៏បាននាំគ្នាមុជទឹកស្ទឹង ប្រលែងគ្នាលេងយ៉ាងសប្បាយ ។ លុះនាំគ្នាងើបពីទឹកមក វិញ ហើយមើលទៅថាសម្ហូបក៏មិនឃើញ ដោយរលកទឹកបានកួច យកថាសម្ហូបនោះ ទៅតាមទឹក បាត់ទៅ ។
នៅថ្ងៃនោះដែរ មានទម័កដំរីម្នាក់ឈ្មោះ ទា គាត់បាននាំដំរីគាត់ជាច្រើន ទៅឱ្យចុះត្រាំទឹកស្ទឹងនោះ ហើយក៏បានឃើញថាសម្ហូបនោះ អណ្តែតមករកគាត់ គាត់ក៏លើកយកថាសម្ហូបនោះ ទៅបង្ហាញ ព្រះសង្ឃ ជាមេវត្ត ។ ព្រះសង្ឃក៏បានស្គាល់ច្បាស់នូវ គុណភាពនៃសាច់មាន់នោះ ក៏ចាប់យកក្បាលមាន់ឆាន់ទៅ រួចព្រះអង្គក៏ប្រទានសាច់ទ្រូង ទៅឱ្យនាយទម័កដំរីឈ្មោះទា ហើយសាច់ភ្លៅមាន់ ឱ្យទៅនាង វង ដែលជាប្រពន្ធរបស់បុរស ទា ប៉ុន្តែព្រះអង្គឥតមានពុទ្ធដិកាអ្វីឡើយ ។ បុរសទានិងនាងវងក៏បាន បបួលគ្នាត្រឡប់ទៅផ្ទះវិញទៅ ។
និយាយពីបុរសកំសត់ពីរនាក់ប្តីប្រពន្ធ ខំដើររកថាសម្ហូបរបស់ខ្លួននោះ គ្រប់ទីកន្លែងទាំងអស់ ប៉ុន្តែនៅតែពុំឃើញ ក៏គិតថាប្រាកដជាមានអ្នកណា មកលួចយកថាសម្ហូបគាត់ហើយ ក៏ដាក់ប្រទេចផ្តា សារ ដល់ជនមិនដឹងមុខទាំងនោះ យ៉ាងអស់ពីចិត្ត ។
បន្ទាប់ពីពេលនោះមកបីថ្ងៃ នៅក្នុងប្រទេសកម្ពុជា ក៏មានការប្រជុំគណៈរដ្ឋមន្រ្តី ។ នៅក្នុងសម័យប្រជុំនោះ រដ្ឋមន្រ្តីទាំងឡាយ បានប្តូរជាយោបល់គ្នាថា “ព្រះរាជាណាចក្ររបស់យើង ពុំទាន់ មានព្រះ មហាក្សត្រ គ្រងរាជ្យនៅឡើយទេ ។ អាស្រ័យដោយហេតុនេះ យើងត្រូវបញ្ចេញដំរីមកចងកូប ហើយត្រូវបួងសួងដល់អារុក្ខរក្សទេវតា សូមឱ្យជួយនាំផ្លូវដំរីយើង ចេញទៅលុតជង្គង់ ខ្លួនឯង ចំពោះមុខ ជនណាមួយ ដែលអាចអង្គុយលើរាជបល្ល័ង្គបាន ហើយសូមឱ្យដំរីលើកបុរសនោះ ដាក់លើក្បាលនាំមកទីនេះ ដើម្បីយើងនឹងរៀបចំធ្វើ ពិធីអភិសេក ឱ្យបុរសនោះឡើង សោយរាជ្យក្នុងព្រះនរគរ ។
លុះជំនុំគ្នាហើយ ចាត់គេឱ្យយកដំរីមកចងកូប និងពាក់គ្រឿងលំអរឯទៀតៗ ជាច្រើន ហើយលែងដំរីឱ្យវាដើរទៅតាមចិត្តវា ។ ហើយដំរីនោះ ក៏ដើរទៅរកហ្មរ ទា និងនាង វង ហើយក៏លុត ជង្គង់នៅចំ ពីមុខជនទាំងពីរនាក់នោះ រួចក៏លើកជនទាំងពីរនាក់នោះ ដាក់លើក្បាល ហើយបញ្ជិះមកកាន់បរមរាជវាំង ។ ក្នុងខណៈនោះ ពួកគណៈរដ្ឋមន្រ្តី ក៏បានរៀបចំធ្វើព្រះរាជពិធី រាជាភិសេកភ្លាមតាម ប្រពៃណី ។ ហ្មរ ទា ក៏បានទទួលព្រះបរមនាមថា ទេវង (១) អស្ចារ្យ ។
រីឯក្រុងហ៊ូវ និងក្រាយហ៊ូវ មានសេចក្តីអាក់អន់ព្រះទ័យ មិនព្រមចុះចូលព្រះមហាក្សត្រអង្គថ្មី ក៏សំរេចចិត្តនាំគ្នារត់តៅស្រុកបាកាន ខែត្រពោធិសាត់ ហើយទ្រង់ក៏បានកសាង ប្រាសាទមួយ នៅទីនោះទៅ ។
ដំណាលពីព្រះឥន្ទ្រាធិរាជ ទ្រង់បានសង្កេតឃើញថា ព្រះមហេសីនៃព្រះមាហាក្សត្រ អង្គថ្មីពុំទាន់មាន ព្រះរាជបុត្រានៅឡើយ ក៏ទ្រង់ព្រះចិន្តាថា “យើងនឹងផ្តល់ព្រះរាជបុត្រមួយព្រះអង្គ ដល់ព្រះនាង វង ។ ព្រះរាជបុត្រនេះមានសញ្ជាតិជាព្រះឥន្ទសុទ្ធ ដើម្បីឱ្យជាប់ជាព្រះញាតិវង្ស សោយរាជ្យក្នុងនគរខ្មែរជានិរន្តតទៅ” ។
លុះថ្ងៃមួយជាថ្ងៃល្អបានមកដល់ ព្រះមហាក្សត្រីយានី វង ទ្រង់យាងចេញពីមហាប្រាសាទ ព្រះឥន្ទ្រាធិរាជទ្រង់ ក៏បានហោះចេញមកស្ថិតនៅលើអាកាស ធ្វើឱ្យមនុស្សម្នាទាំងឡាយមានការ ភ្ញាក់ផ្អើល ដោយបានឃើញនូវពន្លឺភ្លើងពណ៌ ខៀវយ៉ាងធំកាត់ផ្ទៃអាកាស ក៏បាននាំគ្នាស្រែកថា ពន្លឺធ្លាក់! ពន្លឺធ្លាក់! តែមើលមិនឃើញព្រះឥន្ទ្រទេ ។ ហើយព្រះឥន្ទ្រក៏ទម្លាក់ កម្រងផ្កាមក លើកាយព្រះនាង វង ហើយក៏ទ្រង់ហោះវិលត្រឡប់ទៅ ឋានព្រះឥន្ទ្រាធិរាជវិញបាត់ទៅ ។